មេរៀន: ក្រមសីលធម៌គ្រូបង្រៀន (Teacher Ethics Lesson)

មេរៀន: ក្រមសីលធម៌គ្រូបង្រៀន

ដកស្រង់សម្រាប់ត្រៀមប្រឡងគ្រូ

១. និយមន័យនៃ “ក្រមសីលធម៌”

ពាក្យ “ក្រមសីលធម៌” កើតចេញពីពាក្យ ក្រម បូកនឹងពាក្យ សីលធម៌

  • ក្រម: គឺជាបែបបទ លំដាប់លំដោយ ឬបទបញ្ញត្តិដែលត្រូវអនុវត្តតាម។
  • សីលធម៌: សំដៅលើទង្វើទាំងឡាយណាដែលជាសេចក្តីល្អ ឬជាសកម្មភាពទាំងឡាយណា ដែលនាំមនុស្សប្រព្រឹត្តក្នុងផ្លូវសុច្ចរិត ឬកុសលធម៌។

ដូច្នេះ ក្រមសីលធម៌ មានន័យថា៖ ជាបែបបទ ជាលំដាប់លំដោយ ឬបទបញ្ញត្តិដែលតម្រូវត្រូវឲ្យមនុស្សប្រព្រឹត្តនូវទង្វើទាំងឡាយណា ដែលជាសេចក្តីល្អ ឬសកម្មភាពទាំងឡាយណាដែលនាំឲ្យមនុស្សប្រព្រឹត្តក្នុងផ្លូវសុច្ចរិត ឬកុសលធម៌។

គួរបញ្ជាក់ថា ការមានក្រមសីលធម៌នាំឲ្យពិភពលោកទាំងមូលរស់នៅប្រកបដោយសុខដុមរមនា និងសន្តិភាព។

២. ក្រមសីលធម៌សំខាន់ៗរបស់គ្រូបង្រៀន

ក. គោរពពេលវេលា

ការមកបង្រៀនទៀងទាត់ និងគោរពពេលវេលា គឺជាក្រមសីលធម៌ដ៏ល្អក្នុងនាមជាអ្នកបណ្តុះបណ្តាល និងជាគំរូដ៏ល្អសម្រាប់សិស្ស។ ឧទាហរណ៍ ៖ មកដល់សាលាមុនម៉ោងចូលរៀន ដើម្បីត្រួតពិនិត្យរដ្ឋបាលថ្នាក់រៀន។

ខ. សម្លៀកបំពាក់សមរម្យ

គ្រូត្រូវមានការស្លៀកពាក់ និងតុបតែងខ្លួនប្រាណឲ្យបានសមរម្យ សក្តិសមជាបុគ្គលគំរូ ដោយមិនត្រូវតុបតែងខ្លួនហួសហេតុ ឬមានសភាពរយីករយាកពេកនោះទេ។

គ. អាកប្បកិរិយាសមរម្យ

ការដើរ ដេរ ឈរ អង្គុយ ក៏ដូចជាពាក្យសម្តីនិយាយស្តី ត្រូវប្រកបដោយកិរិយាសមរម្យទៅតាមកាលៈទេសៈ ដើម្បីឲ្យសក្តិសមជាអ្នកអប់រំ និងបញ្ញវន្ត។

ឃ. យុត្តិធម៌មិនលំអៀង

ត្រូវស្រឡាញ់សិស្សឲ្យស្មើៗគ្នា មិនរើសអើងវណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនយោបាយ។ រាល់ការកែកិច្ចការ និងដោះស្រាយបញ្ហា ត្រូវតែមានគតិយុត្តិធម៌ត្រឹមត្រូវ។

ង. មានវិធីសាស្ត្រល្អក្នុងការបង្រៀន

ត្រូវខិតខំសិក្សាស្រាវជ្រាវស្វែងរកគន្លឹះ និងវិធីសាស្ត្រប្លែកៗ ដើម្បីផ្ទេរពុទ្ធិទៅកាន់សិស្សឲ្យពួកគេងាយយល់ ងាយចាប់បានខ្លឹមសារមេរៀន។

ច. មានចំណេះដឹងទូលំទូលាយ

ត្រូវតែបន្តរៀនសូត្រពេញមួយជីវិត ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន យល់ដឹងស៊ីជម្រៅទៅលើបញ្ហាសង្គម និងផ្ទេរចំណេះដឹងដ៏សម្បូរបែបទៅឲ្យសិស្ស។

ឆ. មានមនសការក្នុងការងារ

ត្រូវមានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ទៅលើអាជីពការងារ បង្រៀនដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឲ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញ។

ជ. មានព្រហ្មវិហារធម៌

ត្រូវមានមេត្តា ករុណា មុទិតា និងឧបេក្ខា ចំពោះសិស្ស។ ត្រូវអប់រំ ទូន្មាន ប្រៀនប្រដៅសិស្សឲ្យដើរតាមគន្លងធម៌ និងធ្វើខ្លួនជាទីប្រឹក្សាសម្រាប់សិស្ស។

ឈ. មិនប្រព្រឹត្តអំពើអបាយមុខ

គ្រូបង្រៀនជាឧត្តមជនគំរូ ដូច្នេះមិនត្រូវប្រព្រឹត្តនូវអំពើអបាយមុខមានស្រី ស្រា ល្បែងភ្នាល់ គ្រឿងញៀន ឬអំពើហិង្សាជាដើម ដែលធ្វើឲ្យគុណតម្លៃជាគ្រូធ្លាក់ចុះ។

ញ. មានគំរូល្អចំពោះមហាជន

គ្រូគឺជាបុគ្គលគំរូទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ រាល់កាយវិការ ពាក្យសម្តី ឬទង្វើ ត្រូវតែធ្វើខ្លួនជាបុគ្គលគំរូសម្រាប់មហាជនយកតម្រាប់តាម។

សេចក្តីសន្និដ្ឋាន

ក្រមសីលធម៌ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លោកគ្រូ អ្នកគ្រូគ្រប់រូប។ ការអនុវត្តន៍ខ្ជាប់ខ្ជួននូវក្រមសីលធម៌ទាំងនេះ នឹងជួយលើកកម្ពស់គុណតម្លៃរបស់ខ្លួនឯង ព្រមទាំងចូលរួមចំណែកអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជាធនធានមនុស្សដែលមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញសម្រាប់សង្គមជាតិ។

បញ្ចេញមតិយោបល់

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ

- Advertisment -spot_img